តើការព្យាបាលដោយប្រើដៃ គឺជាអ្វី?
គេប្រើការព្យាបាលដោយដៃ ក្នុងគោលបំណងពីរ ៖ ដើម្បីជួយស្ដារឡើងវិញនូវដំណើរការរបស់សន្លាក់ ហើយ ដើម្បីជួយកែសម្រួលឥរិយាបថ និងជួយលម្អការធ្វើចលនារបស់អវយវៈឲ្យបានប្រសើរឡើង។ ដើម្បីសម្រេចបានតាមគោលបំណងទាំងនេះ គ្រូពេទ្យព្យាបាលដោយដៃ អនុវត្តវិធីសាស្ត្រពិសេសមួយចំនួនទៅលើសន្លាក់ដែលមានបញ្ហា។
ជាធម្មតា យើងអាចឃើញលទ្ធផលនៃការព្យាបាលដោយដៃភ្លាមៗ ដូចជាការបង្កើននូវជួរចលនារបស់អវយវៈ ការកាត់បន្ថយភាពតានតឹងក្នុងសាច់ដុំ និងការកាត់បន្ថយការឈឺចាប់។ ផែនការព្យាបាលរបស់គ្រូពេទ្យព្យាបាលដោយដៃ រួមមានការបង្ហាត់បង្រៀន ការទូន្មាន ការបង្ហាញផ្លូវឲ្យអតិថិជន ហើយការផ្ដល់ជូននូវការយល់ដឹងចំពោះរបៀបបត់បែនអវយវៈ និងឥរិយាបថ ឲ្យកាន់តែប្រកបដោយសុខភាពប្រសើរ។
គ្រូពេទ្យព្យាបាលដោយដៃ គឺជាគ្រូពេទ្យព្យាបាលដោយចលនា ដែលមានឯកទេសខាងព្យាបាលដោយដៃ តាមរយៈការសិក្សាលើសកំរិតបរិញ្ញាប័ត្រ។ ជាលទ្ធផល គាត់ទទួលបាននូវចំណេះដឹងបន្ថែមទៀតអំពីការធ្វើចលនានៃរាងកាយ ជាពិសេសឆ្អឹងខ្នង។ តាមរយៈការអប់រំដ៏ពិសេសនេះ គ្រូពេទ្យព្យាបាលដោយដៃមានលក្ខណសម្បត្តិកំរិតខ្ពស់ ដើម្បីអាចនឹងពិនិត្យមើល ហើយរកមូលហេតុជាប្រភពនៃជំងឺ រួមទាំងស្វែងរកដំណោះស្រាយមួយ ដែលសមស្របទៅនឹងតម្រូវការរបស់អ្នកជំងឺម្នាក់ៗ។
វិធីព្យាបាលដោយដៃរបស់គ្រូពេទ្យ
កំលុងពេលលោកអ្នកជួបគ្រូពេទ្យលើកដំបូង គាត់នឹងសួរសំនួរពិសេសខ្លះ ដើម្បីឲ្យបានយល់ច្បាស់អំពីប្រវត្តិសុខភាពរបស់លោកអ្នក។ បន្ទាប់ពីនោះ គាត់នឹងពិនិត្យមើលសុខភាពរាងកាយ រួមមានការពិនិត្យមើលឥរិយាបថ និងការធ្វើចលនារបស់អវយវៈ ហើយការពិនិត្យមើលសន្លាក់ ឲ្យរកឃើញប្រភពបញ្ហារបស់លោកអ្នក។ គាត់នឹងពិគ្រោះជាមួយនឹងអ្នកជំងឺអំពីលទ្ធផល ហើយអ្នកទាំងពីរនឹងរួមគ្នាធ្វើការសម្រេចចិត្តចំពោះវិធីសាស្ត្ររបៀបណា ដែលសមស្របទៅនឹងតម្រូវការរបស់អ្នកជំងឺ។
សព្វថ្ងៃនេះ គេប្រើប្រាស់វិធីសាស្ត្រព្យាបាលដោយដៃ រួមបញ្ចូលយ៉ាងល្អទៅក្នុងការព្យាបាលដោយចលនាទំនើប។ «គ្លីនិកព្យាបាលដោយចលនាភ្នំពេញ» អនុវត្តវិធីសាស្ត្រព្យាបាលដោយដៃ ដែលបានមកពីវិធីព្យាបាលល្បីឈ្មោះ និងអន្តរជាតិ ដូចជា “Marsman” “Cyriax” “Maitland” និង “Kaltenborn”។ សមាជិកក្រុមគ្រូពេទ្យរបស់ «គ្លីនិកព្យាបាលដោយចលនាភ្នំពេញ» ទាំងអស់គ្នា បានទទួលការអប់រំ និងការហ្វឹកហ្វឺនចំពោះការអនុវត្តនូវវិធីសាស្ត្រទាំងនេះ។