តើការចាក់ម្ជុលស្ងួតគឺជាអ្វី?
ការចាក់ម្ជុលស្ងួតគឺជាការព្យាបាលដោយចាក់ម្ជុលឲ្យចូលទៅក្នុងសាច់ដុំ ដែលធ្វើដោយគ្រូពេទ្យព្យាបាលដោយចលនា។ គេច្រើនតែប្រើប្រាស់វិធីសាស្ត្រនេះសម្រាប់ព្យាបាលបញ្ហាសាច់ដុំ។ វាជាផ្នែកមួយនៃការព្យាបាលទាំងអស់របស់គ្រូពេទ្យព្យាបាលចលនា។ ឧទាហរណ៍ រួមមានឈឺក្បាល ឈឺចង្កេះ ឈឺសាច់ដុំ ឬសន្លាក់បង្កឡើងដោយការប្រឹងហួសកម្លាំង ឬធ្វើសកម្មភាពដដែលៗច្រើនដងពេក បញ្ហាសន្លាក់ក ហើយនឹងដំណើរការមិនត្រឹមត្រូវរបស់សរសៃកែងដៃ។ គ្រូពេទ្យប្រើប្រាស់ម្ជុលតូចៗ ដើម្បីបន្ធូរភាពតានតឹងក្នុងសាច់ដុំ យ៉ាងប្រសិទ្ធ និងឆាប់រហ័សផង។
តើវាស្រដៀងគ្នាទៅនឹងការចាក់ម្ជុលវិទ្យាសាស្ត្របែបចិនបុរាណដែរឬទេ?
មានភាពស្រដៀងគ្នារវាងការចាក់ម្ជុលវិទ្យាសាស្ត្រចិនបុរាណ និងការចាក់ម្ជុលស្ងួត។ ប្រភេទម្ជុល និងរបៀបចាក់គឺដូចគ្នា។ ក៏ប៉ុន្តែ មានភាពខុសគ្នា ដែលជាក់ច្បាស់ផងដែរ។
ភាពខុសគ្នាធំបំផុតគឺថា ការចាក់ម្ជុលវិទ្យាសាស្ត្រចិនបុរាណផ្ដោតសំខាន់ទៅលើថាមពលក្នុងរូបកាយ ប៉ុន្តែការចាក់ម្ជុលស្ងួតផ្ដោតសំខាន់ទៅលើសារីរសាស្ត្រ ជាពិសេសការចលនារបស់សន្លាក់។
លើសពីនេះទៅទៀត តាមធម្មតាការចាក់ម្ជុលវិទ្យាសាស្ត្រចិនបុរាណប្រើម្ជុលច្រើនជាងមួយ នៅក្នុងកន្លែងតែមួយ ហើយវាត្រូវបានចាក់ជាប់នៅទីនោះមួយរយៈយូរបន្តិច។ ចំពោះការចាក់ម្ជុលស្ងួតវិញ ជាធម្មតាគេប្រើម្ជុលតែមួយ ក្នុងសាច់ដុំមួយដែលកំពុងតែព្យាបាល ហើយការព្យាបាលសាច់ដុំនីមួយៗ គឺមានរយៈពេលខ្លីផងដែរ។
តើនៅពេលណាដែលពេទ្យប្រើវិធីចាក់ម្ជុលស្ងួត?
វិធីចាក់ម្ជុលស្ងួត គឺសមរម្យសម្រាប់ព្យាបាលបញ្ហាសាច់ដុំរ៉ាំរ៉ៃ ជាពិសេសនៅពេលដែលមានចំណុចតឹងតែងក្នុងសាច់ដុំ គឺជាកន្លែងឡើងរឹង និងមានការឈឺចាប់។ ចំណុចតឹងតែងបែបនេះមិនត្រឹមតែបង្កឲ្យមានការឈឺចាប់ត្រង់កន្លែងរបស់វាប៉ុណ្ណោះទេ តែវាច្រើនតែបង្កឲ្យមានការឈឺចាប់នៅកន្លែងផ្សេងៗទៀតក្នុងរូបកាយក៏បានដែរ។
គ្រូពេទ្យនឹងរកចំណុចតឹងតែងនេះ ដែលវាអាចជាហេតុបណ្ដាលឲ្យមានរោគសញ្ញារបស់លោកអ្នក។ លើសពីការឈឺចាប់ ចំណុចតឹងតែងនេះអាចបណ្ដាលឲ្យកើតមានការរារាំងចលនា ភាពរឹង ហើយការបង្អន់ដល់ប្រសិទ្ធិភាពរបស់សាច់ដុំ ដែលរងផលប៉ះពាល់។ ជួនកាល ការធ្វើឲ្យចំណុចតឹងតែងបែបនេះមានសកម្មភាព ឬការបញ្ឈប់សកម្មភាពរបស់វា អាចបណ្ដាលឲ្យមានប្រតិកម្មដូចជា បែកញើស វិលមុខ ធីងធោង ស្រវាំងភ្នែក ឬចុងដៃត្រជាក់ផង ញ័រផង។
អ្នកជំងឺដែលមានបញ្ហាសាច់ដុំភាគច្រើន អាចត្រូវបានព្យាបាលដោយចាក់ម្ជុលស្ងួត ក៏ប៉ុន្តែ ក្នុងករណីខ្លះ ការចាក់ម្ជុលស្ងួតមិនសូវសមរម្យប៉ុន្មានទេ ឧទាហរណ៍ ចំពោះអ្នកជំងឺដែលខ្លាចម្ជុល ស្ត្រីមានផ្ទៃពោះ ឬអ្នករងរបួសធ្ងន់ធ្ងរ។
តើអ្នកជំងឺទទួលអារម្មណ៍យ៉ាងដូចម្តេច នៅពេលដែលចាក់ម្ជុលស្ងួត?
ដើម្បីបញ្ឈប់សកម្មភាពរបស់ចំណុចតឹងតែងនៃសាច់ដុំ គ្រូពេទ្យចាក់ម្ជុលចូល។ យ៉ាងនេះ សាច់ដុំត្រូវបានបង្ខំឲ្យសម្រាក។ នៅពេលដែលកំពុងចាក់ម្ជុលចូល មានការឈឺចាប់តិចបំផុត ឬក៏ឥតមានតែម្ដង ហើយសាច់ដុំច្រើនតែរួញឲ្យខ្លីភ្លាមៗ មួយរយៈពេលខ្លី។ អាចមានអារម្មណ៍មិនសូវស្រួលប៉ុន្មានទេ នៅពេលដែលសាច់ដុំកន្ត្រាក់បែបនេះ តែវាកើតមានតែមួយភ្លែតសោះ។ ជាធម្មតា មានអារម្មណ៍ស្រួលបួលវិញ ក្រោយការកន្ត្រាក់ភ្លាម។ សាច់ដុំអាចបត់បែនបានស្រួលជាង ហើយជួរនៃចលនាបានប្រសើរជាង រួមទាំងអាចកាត់បន្ថយការឈឺចាប់បានផងដែរ។
ពេលខ្លះ អ្នកជំងឺអាចទទួលអារម្មណ៍ក្តៅ ឬត្រជាក់ក្នុងអំឡុងការព្យាបាល ឬបែកញើសក៏មានដែរ។ ជួនកាលអ្នកជំងឺអាចទទួលអារម្មណ៍វិលមុខបន្តិច។
តើលទ្ធផលនៃការព្យាបាលបែបនេះគឺជាអ្វី?
បន្ទាប់ពីការព្យាបាល សាច់ដុំច្រើនតែមានសភាពអស់កំលាំង និងធ្ងន់។ ជាទូទៅក៏កើតមានការឈឺសាច់ដុំដែរ។ នេះជារឿងធម្មតាទេ ហើយជាធម្មតា វានឹងបាត់ទៅវិញក្នុងរយៈពេលមួយថ្ងៃ។ ជួនកាលកើតមានការនឿយហត់បន្ទាប់ពីការព្យាបាល។ អ្នកជំងឺច្រើនតែគេងលង់លក់នៅយប់បន្ទាប់ពីការព្យាបាល។
ក្នុងអំឡុងពេលព្យាបាលដំបូង គ្រូពេទ្យមុខជាធ្វើការព្យាបាលយ៉ាងយឺត ហើយចាក់មិនសូវជ្រៅប៉ុន្មានទេ។ យ៉ាងនេះ គាត់អាចមើលរបៀបដែលអ្នកជំងឺមានប្រតិកម្មមុនពេលចំរើនដល់កំរិតកម្លាំង បើសិនជាចាំបាច់។